
ឡាវ៖ ភាគីចិន បានសន្យានឹងជួយពន្លឿនកិច្ចការដែលនៅសេសសល់ទាំងឡាយឱ្យចេញលទ្ធផលជាផ្លែផ្កាយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូននៅកម្ពុជា រួមមាន៖ ផ្លូវថ្នល់ ស្ពាន ផ្លូវល្បឿនលឿន ផ្លូវដែក និងផែនការមេជាច្រើនទៀតដែលកំពុងសិក្សា។ ការសន្យានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងារទ្វេភាគីរវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក LI Yang អនុរដ្ឋមន្រី្តក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កម្ពុជា និងចិន បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើវិស័យដឹកជញ្ជូន។
នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន សម្រាប់កិច្ចគាំទ្រ និងកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូដ៏រឹងមាំកន្លងមកដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន រួមមាន៖ ផ្លូវថ្នល់ ស្ពាន ផ្លូវល្បឿនលឿន ផ្លូវដែក និងផែនការមេជាច្រើនទៀតដែលកំពុងសិក្សា។
ឆ្លើយតបនឹងសំណូមពររបស់លោក ប៉េង ពោធិ៍នា លោកអនុរដ្ឋមន្រ្តីចិន បានសន្យានឹង ជួយពន្លឿនកិច្ចការដែលនៅសេសសល់ទាំងឡាយឱ្យចេញលទ្ធផលជាផ្លែផ្កាយ៉ាងឆាប់រហ័ស ព្រមទាំងបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបឱ្យចំគោលដៅរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

