ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករបាន ៧៦% នៃផែនការ ៧០០ពាន់តោន គឺសម្រេចបានចំនួនជិត៥៣០ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៧៧.៥០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវងអង្ករកម្ពុជា ដែលបានផ្តល់មកស៊ីស៊ីថាមស៍នៅថ្ងៃទី០៨វិច្ឆិកានេះ ដោយ លោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងរយៈពេល១០ខែ(ចាប់ពីខែមករា-តុលា) ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩ ៩២៤ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ១៧៧ ២៨៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន១១៥.៣០លាន ដុល្លារអាម៉េរិក។ ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារអាម៉េរិក, នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារអាម៉េរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។ ចំនួន២៥ប្រទេស បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារអាម៉េរិក។
សម្រាប់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងបានចំនួន ៦ ៥០០តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤.២២លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ចំនួន៣ ៥០០តោន បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីរួចហើយ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕