
ភ្នំពេញ៖ ក្រុមហ៊ុនEvercore នឹងពិនិត្យលទ្ធភាពលើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីពង្រីកវិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងទៀត ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាការសង្កត់ធ្ងន់នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្មជំនាញតាមរយៈការបង្កើនធនធានមនុស្ស ការរៀបចំឱ្យមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសសម្រាប់បម្រើឱ្យការដឹកជញ្ជូន និងពិសេសសម្រាប់នីតិកាលថ្មីនេះបានបន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី និងស្រូវ និងការរៀបចំគម្រូថ្មីៗជម្រុញវិស័យទេសចរណ៍កម្ពុជា។
លោកក៏បានបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងការទទួលស្វាគមន៍រាល់កិច្ចការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពិសេសចំពោះកិច្ចការងាររៀបចំឱ្យមានតំបន់ឧស្សាហកម្មនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួល ឱ្យកិច្ចការងាររៀបចំនេះអាចអនុវត្តទៅបានដោយរលូន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូនលោក ស៊ុន ចាន់ថុល អំពីសេវាកម្មនានា និងសកម្មភាពការងាររបស់ក្រុមហ៊ុន Evercore ដែលធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមក ពិសេសនៅក្នុងប្រទេសសិង្ហបុរី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពលើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីពង្រីកវិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងទៀត ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត៕

