
ភ្នំពេញ៖ ភាគីជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៍សំខាន់របស់កម្ពុជា ពោលគឺចាប់ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ២០២២ ភាគីជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤ ៣១៩ លានដុល្លារ ស្មើនឹង១៤% នៃហិរញ្ញប្បទានផ្ដល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ទំហំហិរញ្ញប្បទានរបស់ជប៉ុនត្រូវបានរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារក្នុងក្របខណ្ឌដៃតូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ តួលេខនេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នា ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីសម្រេចបានទស្សនវិស័យរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាការឆ្លើយតប ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីការកែសម្រួលនូវធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលជប៉ុនបានកែសម្រួលកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅភាគីទាំងពីរបានធ្វើនិងការពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមកក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាព ចំនួន ៣ គឺ ១) បរិវត្តកម្មសង្គមឌីជីថល, ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដោយវិស័យទាំងនេះមានសង្គតិភាពជាមួយទិសដៅអភិវឌ្ឍន៍ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន ។
ជាមួយគ្នានេះ ភាគីជប៉ុនក៏បានឯកភាពយកសំណើ និងធាតុចូលរបស់ភាគីកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងនៃគោលនយោបាយស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលភាគីជប៉ុនគ្រោងនឹងរៀបចំនៅឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា ទំហំហិរញ្ញប្បទានរបស់ជប៉ុនត្រូវបានរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារក្នុងក្របខណ្ឌដៃតូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ដោយឡែក កិច្ចប្រជុំកម្រិតគោលនយោបាយស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ត្រូវបានរៀបចំឡើងចំនួន ១៣ លើក រួចមកហើយដោយកិច្ចប្រជុំលើកទី ១៤ នេះ គ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ៕


