ភ្នំពេញ៖ ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង កើតតាមផ្លូវធម្មជាតិមានមកពីកំណើតនូវ អវៈយវៈដៃ៤ និង ជើង ៤ (ជើង) ដោយ មានរន្ធគូទត្បៀតជិត នៅថ្ងៃទី ៧ វិច្ឆិកានេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ជួយសង្គ្រោះបានជោគជ័យឡើងវិញ ក្រោយទទួលបានវះកាត់។
ទារកម្នាក់នេះ បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយ ត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។
ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យ។ ការវះកាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ។ ការវះកាត់លើកទី២គឺ ការវះកាត់ដោយចោះពោះវៀនធំដើម្បីអោយទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន។ ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ។ ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។