
ភ្នំពេញ៖ បច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅបច្ចុប្បន្ន ទាំងការប្រាស្រ័យទាក់ទងគ្នា ការប្រកបអាជីវកម្ម និងសកម្មភាពចាំបាច់ជាច្រើនទៀតនៅទូទាំងពិភពលោក។ ដូចនេះ វាជាឱកាសល្អបំផុតចំពោះវិស័យSMEនៅកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យអាជីវកម្មខ្លួនមានការរីកចម្រើនជឿនលឿនកាន់តែឆាប់រហ័សផងដែរ។ នេះជាការលើកឡើងរបស់ លោកជំទាវឧកញ៉ា កែវ មុំ សមាជិកាសមាគមឧកញ៉ាកម្ពុជា, ស្ថាបនិកក្រុមហ៊ុន លី លី ផលិតនំស្រួយ ព្រមទាំងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា។
លោកជំទាវឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជាយុគទី៩ ជាយុគរបស់បច្ចេកវិទ្យា ដូចនេះរាល់អាជីវកម្មទាំងអស់ដែលមិនបានប្រើប្រាស់បច្ចេកវិទ្យាគឺមានផលប៉ះពាល់ច្រើនទាំងការផ្សព្វផ្សាយ និងការលក់ផលិតផល ជាពិសេសក្នុងបរិបទដែលកម្ពុជាបានរងផលប៉ះពាល់ពីកូវីដខ្លាំងកាលពីប៉ុន្មានឆ្នាំមុន។ ចំណែកម្ចាស់អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន គឺមានការរីកចម្រើនលឿន ហើយប្រសិនបើរងផលប៉ះពាល់ក៏មានផលប៉ះពាល់តិចតួចដែរ និងអាចទប់ទល់ជាមួយស្ថានភាពអានិភ័យផ្សេងៗដូចជា កូវីដ-១៩ជាដើម។
លោកជំទាវបញ្ជាក់ថា បច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅបច្ចុប្បន្ន ទាំងការប្រាស្រ័យទាក់ទងគ្នា ការប្រកបអាជីវកម្ម និងសកម្មភាពចាំបាច់ជាច្រើនទៀតនៅទូទាំងពិភពលោក។ ដូចនេះ វាជាឱកាសល្អបំផុតចំពោះវិស័យSMEនៅកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យអាជីវកម្មខ្លួនមានការរីកចម្រើនជឿនលឿនផងដែរ៕