
ព្រះសីហនុ៖រាជរដ្ឋាភិបាលកម្ពុជា និង ចិន នៅថ្ងៃទី ៧ វិច្ឆិកានេះ បានរៀបចំពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា។រយៈពេលជាង១ឆ្នាំនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទទួលបានអ្នកប្រើប្រាស់ប្រមានជាង៥លាននាក់។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
កម្ពុជា-ចិន នៅថ្ងៃនេះ បានរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
លោក ចាវ យ៉ុង នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិនប្រចាំកម្ពុជា បានថ្លែងចាត់ទុកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានផ្តល់ផលប្រយោជនជាច្រើនដល់កម្ពុជាតាមរយៈបង្កើតការងារជូនដល់ប្រជាជនរាប់ម៉ឺននាក់ ការធ្វើដំណើរប្រកបដោយគុណភាព និង ប្រសិទ្ធភាព។សម្រាប់លោក ចាវ យ៉ុង ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទទួលបានអ្នកប្រើប្រាស់បានជាង៥លាននាក់។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានសម្ពោធដាក់ឱ្យប្រើប្រាស់នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រកម្ពុជា និង លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិន។ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និង ខេត្តកោះកុង៕