ព្រះវិហារ៖ អង្គការទស្សនៈពិភពលោក (World Vision) បានប្រកាសពីការពង្រីកវិសាលភាព ការអនុវត្តគម្រោង “មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” នៅមណ្ឌលសុខភាព ចំនួន ៣៤ នៅក្នុងខេត្តសៀមរាប និងព្រះវិហារ។
គម្រោងរយៈពេល៣ ឆ្នាំ (ឆ្នាំ ២០២៣-២០២៦) ដែលអនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នឹងផ្តល់ផលវិជ្ជមានដល់ស្រ្តីមានផ្ទៃពោះចំនួនជាង ៥៤ ០០០ នាក់ ទារកទើបនឹងកើតចំនួនជាង ១៥ ០០០ នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០ នាក់ តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យ និងតាមដានសេវាដែលផ្តល់ដោយមណ្ឌលសុខភាពទាំង ៣៤ នេះ។
ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល (MoH) កម្មវិធីជាតិអាហារូបត្ថម្ភ (NNP) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC ) អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) កំពុងពង្រីកការអនុវត្តគម្រោង "មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ" នៅមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ គម្រោងនេះ ទទួលបានថវិកាគាំទ្រពី Else Kröner-Fresenius-Stiftung (EKFS) តាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់ និងដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ក្រោយពីការអនុវត្តសាកល្បងដោយជោគជ័យ នៅមណ្ឌលសុខភាពចំនួន ៨ នៅខេត្តសៀមរាប នៅឆ្នាំ២០២២-២០២៣ ។
គម្រោងរយៈពេល៣ ឆ្នាំ (ឆ្នាំ ២០២៣-២០២៦) នេះនឹងផ្តល់ផលវិជ្ជមានដល់ ស្ត្រីមានផ្ទៃពោះចំនួនជាង ៥៤ ០០០ នាក់ ទារកទើបនឹងកើតចំនួនជាង ១៥ ០០០ នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០ នាក់ តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យ និងតាមដានសេវាដែលផ្តល់ដោយមណ្ឌលសុខភាពទាំង ៣៤ នេះ។ លើសពីនេះទៀត គម្រោងនេះក៏នឹងប្រមូលផ្តុំ និងបណ្តុះបណ្តាល 'អ្នកប្រឹក្សាការបំបៅដោះកូន' នៅកម្រិតសហគមន៍ ដើម្បីផ្តល់ប្រឹក្សាដល់ម្តាយ និងសមាជិកគ្រួសារទាំងអស់ ពីការផ្តល់ទឹកដោះម្តាយដល់ទារកទើបនឹងកើត ទារក និងកុមារតូចៗ។
នៅខែមិថុនា ឆ្នាំ២០២២ WVI-C បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំប្រតិបត្តិដើម្បីអនុវត្តគម្រោង “មណ្ឌលសុខភាពស្រលាញ់ទារក” ផ្អែកតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) និងគោលការណ៍ណែនាំជាតិស្តីពី “គំនិតផ្តួច ផ្តើមមន្ទីរពេទ្យស្រលាញ់ទារក (BFHI)” ដែលដាក់ឱ្យដំណើរការដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ ២០២២។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដដែលនោះ WVI-C បានចាប់ផ្តើមកម្មវិធីសាកល្បងរយៈពេលមួយឆ្នាំ នៅមណ្ឌលសុខភាពចំនួន៨ នៅក្នុងខេត្តសៀមរាប។ រហូតដល់ឆ្នាំ២០២៣ នេះ ដោយ មាន ការ អនុញ្ញាត ពី ក្រសួង សុខាភិបាល គម្រោង “មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” ត្រូវបានពង្រីកវិសាលភាពទៅកាន់មណ្ឌលសុខភាពចំនួន ២៦ បន្ថែមទៀត។ តាមរយៈការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបន្តការបំបៅកូនដោយទឹកដោះម្តាយ WVI-C រំពឹងថា នឹងធ្វើឱ្យសុខុមាលភាពរបស់កុមារប្រសើរឡើង និងកាត់បន្ថយការឆ្លងជំងឺ និងមរណៈភាពរបស់កុមារ។