បន្ទាយមានជ័យ៖ មនុស្សប្រុសស្រី១០៧នាក់ នៅថ្ងៃទី ៤ វិច្ឆិកាកន្លងទៅត្រូវបានឃាត់ខ្លួននៅខារ៉ាអូខេយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធគ្រឿនញៀន។ក្នុងប្រតិបត្តិការនោះអាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានដកហូតនូវសម្ភារមួយចំនួនទៀតផងដែរ។
ប្រតិបត្តិការបានចាប់ផ្តើមនៅម៉ៅងប្រហែលជា១១យប់ថ្ងៃទី ៤ វិច្ឆិកា និង បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖ឥណ្ឌូនេស៊ី ២១នាក់ ស្រី០១នាក់ វៀតណាម ១៥នាក់ ស្រី០២នាក់ ,ចិន ០៣នាក់ ស្រី០១នាក់ និង ថៃ ០៣នាក់ ស្រី០៣នាក់។
ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V) ០១កញ្ចប់។
គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទ បណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្ត រកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕