
ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៧ វិច្ឆិកានេះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការសិក្សាគម្រោងអភិវឌ្ឍ«ផ្លូវដែកល្បឿនលឿន»នៅកម្ពុជា។ការស្នើសុំនេះ ធ្វើឡើងក្នុងពេលសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងខេត្តព្រះសីហនុ។
ថ្លែងក្នុងវេទិកាជាមួយកម្មករប្រមាណជាង១ម៉ឺននាក់នៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំពន្លឿនការសិក្សាពីគម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជាដែលអាចរត់បានក្នុងល្បឿនយ៉ាងតិច៨០គីឡូក្នុងមួយម៉ោង។សម្រាប់សម្តេចគម្រោងនេះនឹងជួយសេដ្ឋកិច្ចជាតិដែលជួយសម្រួលវិស័យដឹកជញ្ជូនទំនិញឆ្លងកាត់នានា។
រាជរដ្ឋាភិបាលអាណត្តិទី៦ បានចាប់ផ្តើមជាយូរណាស់មកហើយ ដើម្បីជំរុញផែនការសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានផ្តោតលើផែនការរថភ្លើងល្បឿនលឿនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែមករាឆ្នាំនេះ។ នៅពេលនោះ សម្តេច ហ៊ុន សែន បានស្នើឱ្យគ្រប់នាយកដ្ឋានសហការគ្នាពន្លឿនការសម្រេចឲ្យបាននូវ«ក្តីសុបិនផ្លូវដែកល្បឿនលឿន»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានជួបជាមួយ លោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសចិន ដោយប្រទេសចិនបានប្រកាសគាំទ្រ ការ សាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា និងការគាំទ្រដល់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់ កម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។
ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវ "សុបិនផ្លូវដែកល្បឿនលឿន" លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយចំនួន ៣០០ លានយ័ន (ប្រហែល ៤៥ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តផែនការ ការរចនា និងស្រាវជ្រាវ និងដោះស្រាយបញ្ហាដែលរងផលប៉ះពាល់ដល់គ្រួសារដែលនៅតាមផ្លូវ។
ការវិនិយោគ និងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ត្រូវការថវិកាយ៉ាងច្រើន រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា នឹងមិនខ្ចីកម្ចីច្រើន ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿននោះទេ កម្ពុជាលើកទឹកចិត្ត ឲ្យ ក្រុមហ៊ុនបរទេសវិនិយោគសាងសង់ផ្លូវដែកល្បឿនលឿន តាមរយៈ BOT ឬវិធីសាស្រ្ត PPP ៕