
កូរ៉េខាងត្បូង៖ ករណីឃាតកម្ម«ពលករខ្មែរគំរូ»នៅកូរ៉េម្នាក់ត្រូវពលករខ្មែរគ្នាឯងសម្លាប់ ដោយសារជនសង្ស័យមានគំនិតគុំគួនច្រណែន ដោយឃើញថៅកែស្រលាញ់ចូលចិត្តជនរងគ្រោះជាងខ្លួន។
លោក ឡង់ ឌីម៉ង់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ករណីឃាតកម្មពលករខ្មែរនៅកូរ៉េ គឺខាងអាជ្ញាធរសមត្ថកិច្ចប្រទេសកូរ៉េបានចាប់ខ្លួនជនសង្ស័យរួចហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង។ ចំណែកករណីពាក់ព័ន្ធសពជនរងគ្រោះ គឺត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េកំពុងធ្វើកិច្ចការតាមផ្លូវច្បាប់ ក៏ដូចជាការងាររដ្ឋបាលជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ។
បើតាមលោក ឡង់ ឌីម៉ង់ បានឱ្យដឹងថា នៅថ្ងៃនេះខាងស្ថានទូតបានផ្ទៀងផ្ទាត់ឯកសារ ដោយមានរបាយការណ៍យ៉ាងច្បាស់ពីអាជ្ញាធរសមត្ថកិច្ចជាផ្លូវការថា នេះជាករណីឃាតកម្ម។ បច្ចប្បន្នការរៀបចំបែបបទក្នុងការបូជាសព ស្ថានទូតកម្ពុជាបានចេញលិខិតអនុញ្ញាត ដើម្បីអនុញ្ញាតឲ្យយកសពទៅបូជា។
ជាមួយគ្នានេះ ខាងទីប្រឹក្សាស្ថានទូតទទួលកិច្ចការងារពលករនៅកូរ៉េ ក៏បានចូលរួមកម្មវិធីបូជាសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ មិត្តភក្តិនៃសព ហើយនៅថ្ងៃចន្ទនៅសប្តាស៍ក្រោយនេះ ប្រពន្ធរបស់សពនឹងដឹកកាន់យកធាតុតាមយន្តហោះទៅស្រុកកំណើតរបស់សពនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយឡែកទាក់ទងទៅនឹងការសងសំណងជនរងគ្រោះ ក៏ដូចជាការទទួលបានអត្ថប្រយោជន៍ផ្សេងទៀត លោក ឡង់ ឌីម៉ង បានមានប្រសាសន៍ថា ដូចដែលបានដឹងស្រាប់ហើយថានេះគឺជាករណីឃាតកម្ម ដូច្នេះគឺខាងជនរងគ្រោះមិនអាចទទួលបានសំណងពីខាងថៅកែទេ។ ប៉ុន្តែដោយសារមានការសម្របសម្រួលពីស្ថានទូត ថៅកែក្រុមហ៊ុនបានរ៉ាប់រងចំណាយលើថ្លៃធ្វើបុណ្យសព និងឧបត្ថម្ភប្រាក់ដល់គ្រួសារសពសម្រាប់ការធ្វើដំណើរយកធាតុរបស់សពជនរងគ្រោះទៅប្រទេសកម្ពុជាវិញ។
បន្ថែមលើនេះ លោក ឡង់ ឌីម៉ង់ បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងសំណុំរឿងរបស់ជនជាប់ចោទទុកឱ្យខាងសមត្ថកិច្ចកូរ៉េជាអ្នករៀបចំ ហើយស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េនឹងធ្វើការតាមដានទៅលើរឿងក្តីនេះបន្តទៀត៕
