.jpg?1597381388)
ភ្នំពេញ៖ កម្ពុជាបានរៀបចំគោលនយោបាយបង្កើនការនាំចេញទំនិញដែលមិនមែនជា ទំនិញវាយនភ័ណ្ឌ ឱ្យបាន១៥% នៃបរិមាណសរុបនៅឆ្នាំ២០២៥។ នេះបើតាមលោក ផៃ ស៊ីផាន ថ្ងៃទី១៤ សីហា ឆ្នាំ២០២០។
បើតាមលោក ផៃ ស៊ីផាន បានឱ្យដឹងថា កម្ពុជាកំពុងធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារ ក្នុងវិស័យពាណិជ្ជកម្ម ដែលជាយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលគោលនយោបាយនេះគឺដើម្បីបង្កើន និងពិពិធកម្មមុខទំនិញនាំចេញដោយបង្កើនការនាំចេញទំនិញកម្មន្តសាលដែលមិនមែនជាវាយនភណ្ឌ ឱ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
ឯកឧត្តមបន្តទៀតថា ទន្ទឹមនឹងការជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ចំណែកការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការថយចុះជាលំដាប់ពី ៧១,៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩,២% នៅឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ ការនាំចេញសរុប នៅឆ្នាំ២០១៥ ដល់១៣,៣% នៅឆ្នាំ២០១៨ គឺសម្រេចបានប្រមាណ៨៨,៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ រីឯ ការនាំចេញកសិកផលកែច្នៃ ក៏មានការកើនឡើងពី ៥,៩% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ដល់ ៧,០% នៅឆ្នាំ២០១៨ សម្រេចបានប្រមាណ ៥៨,៣% បើធៀបនឹងគោលដៅឆ្នាំ២០២៥។
ឯកឧត្តមមានប្រសាសន៍ថា ទិន្នន័យទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាបានកំពុងធ្វើពិពិធកម្មមុខទំនិញនាំចេញជាបន្តបន្ទាប់ និងបន្តជំរុញកំណើននៃការនាំចេញកសិផលកែច្នៃឱ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែកតែលើការនាំទំនិញកម្មន្តសាលផ្នែកសំលៀកបំពាក់ និងស្បែកជើងនោះទេ។
សូមជម្រាបជូនថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងលើ“សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨”។គោលនយោបាយនេះ គឺស្របពេលដែល សហភាពអឺរ៉ុបកាលពីថ្ងៃទី ១២ សីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសជាផ្លូវការស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុបចំពោះកម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ១២ សីហានេះ ផលិតផលនាំចេញធម្មតារបស់កម្ពុជាមួយចំនួនដូចជា សម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ នឹងត្រូវយកពន្ធឡើងវិញនៅពេលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប៕