ភ្នំពេញ៖ រដ្ឋាភិបាលសាធារណៈរដ្ឋឆែក បានលើកឡើងពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(UHS) ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ខណៈនាពេលកន្លងមក ឆែកតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល។ គម្រោងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឆែក លើវិស័យសុខាភិបាល រួមមានការផ្តល់អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលធំពីរ នៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឯកឧត្តម ឈាង រ៉ា ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា នាពេលកន្លងមក រដ្ឋាភិបាលសាធារណៈរដ្ឋឆែក តាមរយៈស្ថានទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ៕