ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ខណៈកន្លងមកវិទ្យាស្ថានប៉ាស្ទ័របានចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបានយ៉ាងល្អរលូន លើកិច្ចការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស កិច្ចការចែករំលែកចំណេះដឹង បទពិសោធន៍ការងារជំនាញផ្នែកមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវសំដៅ «ប្រយោជន៍សាធារណៈ និងសុខមាលភាពប្រជាពលរដ្ឋ»។
ការសន្យាបន្តកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាង ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយមន្ត្រីថ្នាក់ដឹកនាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge, IPC) ដឹកនាំដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកសាស្ត្រាចារ្យ Pr André SPIEGEL បានឱ្យដឹងថា សកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផ្តោតលើគោលដៅចំនួន ៤ គឺ ១) ការស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ពិសេសផ្នែកជំងឺឆ្លង ២) ការគាំទ្រដល់ផ្នែកសុខភាពសាធារណៈក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ៣) សេវាផ្នែកសុខាភិបាល (មន្ទីរពិសោធន៍ និងចាក់ថ្នាំបង្ការ) និង ៤)ការអប់រំសុខភាព។
លោកនាយកប្រតិបត្តិបានបន្ថែមថា ប្រធានបទវិទ្យាសាស្ត្រនានារបស់វិទ្យាស្ថាន ផ្តោតលើជំងឺឆ្លងនានា និងបញ្ហាសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ព្រមទាំងក្នុងតំបន់ ក្នុងនោះមានជំងឺឆ្លងដោយពួក arbovirus ដោយវីរុសផ្លូវដង្ហើម ជំងឺឆ្កែឆ្កួត HIV ជំងឺរលាកថ្លើមដោយវីរុស ជំងឺរបេង ជំងឺគ្រុនចាញ់ បញ្ហាភាពមេរោគស៊ាំ និងថ្នាំផ្សះ និងជំងឺឆ្លងពីសត្វមក មនុស្ស។
ជាចុងក្រោយ ឯកឧត្តម ឈាង រ៉ា បានបញ្ជាក់ថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយខាងវិទ្យាស្ថាន ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕