Cctime 6monthsfree desktop
Cc times  web banner kh (2)

តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងចំនួន៣ទទួលបានទុនវិនិយោគសរុបជិត១ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តំបន់សេដ្ឋកិច្ចពិសេសៗក្នុងខេត្តស្វារៀង

ស្វាយរៀង៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ក្នុងខេត្តស្វារៀង រួមមាន៖ ១). ត.ស.ព. ស៊ីន បាវិត ២). ត.ស.ព. ស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣). ត.ស.ព. ឈីលូ ជាន ពុ ចាយ ដែលតំបន់ទាំងបីនេះមានទុនវិនិយោគសរុបចំនួន ៩៧៧ លានដុល្លារ ជាមួយនិងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣.១៤៣កន្លែង។ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣នេះកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងឃើញមានក្រុមហ៊ុនចំនួន៦ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះ មានដូចជា៖

១. ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលគ្រឿងសង្ហារិម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគចំនួន ៤៧លានដុល្លារ មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប និងបានបង្កើតការងារចំនួន ១.០៨៧កន្លែង។

២. ក្រុមហ៊ុន Califor Upholstery Materials Co., Ltd. ជាគម្រោងវិនិយោគកែច្នៃ និងជ្រលក់ពណ៌ស្បែក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ១លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសចិន វៀតណាម និងក្នុងស្រុក និងបានបង្កើតការងារចំនួន ២៨៥កន្លែង។

៣. ក្រុមហ៊ុន XDS Bicycle (Cambodia) Co., Ltd. ជាគម្រោងវិនិយោគដំឡើងកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១.៦៣៥កន្លែង។

៤. ក្រុមហ៊ុន Cart Tire Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលសំបកកង់យានយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ៥៧៤លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង និងបានបង្កើតការងារចំនួនប្រមាណ ២.៦០០កន្លែង។

៥. ក្រុមហ៊ុន Kaining Metal Product (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាល សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ១.២២០កន្លែង។

៦. ក្រុមហ៊ុន So Yang Decorative Lighting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលអំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្នុង ទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ៣.០២៤កន្លែង។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង