
កណ្ដាល៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤៣១៩៥៩នាក់ មានកូនចំនួន ៤២០ ៥២៨នាក់ ចំណាយថវិកាជាង ៤៣លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែវិច្ឆិកានេះ។
បើតាមរបាយការណ៍ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន ឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤៣១៩៥៩នាក់ មានកូនចំនួន ៤២០ ៥២៨នាក់ ចំណាយថវិកាជាង ៤៣លានដុល្លារ។
ស្របតាមគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានកម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ជាស្ត្រីសម្រាលកូនចំនួន ១៥ ៥០១នាក់ កូនចំនួន ១៥ ៦១១នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៣ ៦១៤នាក់។
គ្រាន់តែរយ:ពេល ៣ខែនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥លានដុល្លារអាម៉េរិក ដែលនេះសរបញ្ជាក់ឱ្យឃើញពីការគិតគូរដល់ការលើកកម្ពស់សុខភាពមាតា និងកុមារតូចក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារតូចតាំងពីកូននៅក្នុងផ្ទៃ រហូតដល់កូនអាយុ២ឆ្នាំនិងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតីរបស់កុមារតូច ព្រមទាំងជួយសម្រាលបន្ទុកចំណាយ បងប្អូនកម្មករនិយោជិត៕
