
កណ្ដាល៖ គិតមកដល់បច្ចុប្បន្ន រោងចក្រនៃវិស័យកាត់ដេរនៅក្នុងខេត្តកណ្ដាលមានចំនួន១៦៦រោងចក្រ ប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ១៣ម៉ឺននាក់ និងផ្ដល់ប្រាក់ឈ្នួលសរុបជាង៤០៨លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ ដែលត្រូវបានលើកបង្ហាញដោយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហេង សួរ បានលើកឡើងថា ជាក់ស្ដែង សម្រាប់នៅខេត្តកណ្ដាលមានរោងចក្រ សហគ្រាស សរុបចំនួន៤៧៧ និងមានកម្មករនិយោជិតសរុបប្រមាណ១៥ម៉ឺន២ពាន់នាក់ ដែលផ្ដល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង៤៦៩លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរតែមួយមុខមានចំនួន១៦៦រោងចក្រ ប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ១៣ម៉ឺននាក់ និងផ្ដល់ប្រាក់ឈ្នួលសរុបជាង៤០៨លានដុល្លារក្នុងមួយឆ្នាំ។
តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកសាងរោងចក្រ សហគ្រាស នៅតាមបណ្ដាខេត្ត និងបង្កើតការងារ មុខរបរ ជូនប្រជាពលរដ្ឋនៅកៀកនឹងមូលដ្ឋានរស់នៅរបស់បងប្អូនរោងចក្រ-សហគ្រាស ត្រូវបានពង្រាយទៅតាមបណ្ដាខេត្តផ្សេងៗទៀតស្ទើរទូទាំងប្រទេសដែលចំនួនសរុបបានកើនឡើងពីចំនួន៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ៨ម៉ឺននាក់នៅឆ្នាំ១៩៩៧ ដល់ចំនួន ១៧ ៦៨៤ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ១,៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ក្នុងនោះវិស័យវាយនភ័ណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១៣៣៧ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៣២ ៣៣២នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារ៕


