
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ វិច្ឆិកានេះ បានប្រកាសជាថ្មីពីគោលដៅសំខាន់ក្នុងការបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់។ការប្រកាសជាថ្មីនេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីការបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់។កម្មវិធីនេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។
បើតាមសម្តេច ហ៊ុន ម៉ាណែត កម្មវិធីគ្រោងនឹងដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ហើយគោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺរៀនចប់ ចេះ មានការងារធ្វើ។សម្រាប់សម្តេច ការសិក្សាគឺត្រូវផ្ដោតលើការអនុវត្តឱ្យច្រើនជាងទ្រឹស្ដី និង ចៀសវាងសិស្ស អវត្តមានច្រើន ដើម្បីចៀសឱ្យផុតការចេញសញ្ញាបត្រសេះហោះដល់សិស្ស បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង៕