
ភ្នំពេញ៖ ទីក្រុងបាត់ដំបង បានជាប់ជាសមាជិកបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN) “ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ (Gastronomy)”។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍ បានលើកឡើងថា ជោគជ័យនៃការដាក់បញ្ចូលនេះ គឺជាផ្លែផ្កានៃកិច្ចសហការជិតស្និទ្ធ និងស៊ីសង្វាក់រវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តបាត់ដំបង ការិយាល័យអង្គការយូណេស្កូនៅកម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ក្នុងដំណើរការទាំងមូលនៃការដាក់បញ្ចូលតាំងពីឆ្នាំ២០២១ រហូតទទួលបានការប្រកាសជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រាប់តាំងពីការសិក្សាឯកសារទស្សនទាន ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ការបំពេញពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធ និងការសម្របសម្រួលជាមួយលេខាធិការដ្ឋានរបស់បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ។
ក្រសួងបន្តថា ការសម្រេចបានូវជោគជ័យខាងលើនេះ គឺជាផ្នែកមួយនៃសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សមាជិកភាពក្នុងបណ្តាញនេះ ក៏ជាចលករមួយក្នុងការសម្រេចនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD+3Ds)” ពិសេសលើមុំ “បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា (Brand Management)” រួមចំណែកក្នុងការសម្រេចបាននូវវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕







