Cctime 6monthsfree desktop
Cc times  web banner kh (2)

អគារដែលត្រូវបានផ្អាកសាងសង់នៅខេត្តព្រះសីហនុមាន៣៦៤អគារគិតត្រឹមខែកញ្ញាឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ ផ្អែកតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនាខែកញ្ញ ឆ្នាំ២០២៣ គម្រោងផ្អាកការសាងសង់នៅខេត្តព្រះសីហនុមានចំនួន៣៤១ ស្មើនឹង ៣៦៤ អគារ។ ទិន្នន័យនេះត្រូវបានលើកឡើងដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ» នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។

លោក គួច ចំរើន បានលើកឡើងថា គម្រោងសាងសង់នៅខេត្តព្រះសីហនុសរុបមានចំនួន៩៦៥ គម្រោង ស្មើ ១ ០៦៩ អគារ មានទុនវិនិយោគសរុបប្រមាណ ៤.០៥៦.១៥២.១១២ ដុល្លារអាម៉េរិក ក្នុងនោះ គម្រោងកំពុងដំណើរការសាងសង់មានចំនួន ២៩ ស្មើនឹង ៥៣ អគារ, គម្រោងបានសាងសង់រួច និងពុំទាន់ដំណើរការប្រើប្រាស់១៦១ ស្មើនឹង ១៧៧ អគារ, គម្រោងផ្អាកការសាងសង់មានចំនួន៣៤១ ស្មើនឹង ៣៦៤ អគារ, និង គម្រោងបានសាងសង់រួច និងកំពុងប្រកបអាជីវកម្ម៤៣៤ ស្មើនឹង៤៧៥អគារ។

លោកបញ្ជាក់ថា តាមរយៈទិន្នន័យខាងលើ លោកមានសុទិដ្ឋិនិយមថា សិក្ខាសាលាថ្ងៃនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយក្នុងដំណើរឆ្ពោះទៅកាន់ការអនុវត្តវិធានការ ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុប្រកបដោយប្រសិទ្ធភាព ដែលជាការរួមចំណែកពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យទេសចរណ៍មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសាកលលោក។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ សិក្ខាសាលានេះ នឹងចូលរួមបង្កើនទំនុកចិត្តពីសំណាក់វិនិយោគិន និងស្ដារទីផ្សារនៃគម្រោងវិនិយោគ និងអភិវឌ្ឍនានាដែលកំពុងមានវិបតិ្តដូចជា សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និងកាស៊ីណូ ដែលបានសាងសង់ហើយ បានផ្អាក ឬពន្យារ ឬបញ្ឈប់ការសាងសង់ និងពុំមានសកម្មភាពវិនិយោគ ឬធុរកិច្ចក្នុងខេត្តព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង