កំពង់ស្ពឺ៖មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និង មេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងកូនចៅ សរុប៦នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ តុលា ពាក់ព័ន្ធករណីទទួលផលបទល្មើសគ្រឿងញៀន។ការចាប់ខ្លួននេះ ធ្វើឡើងជាបន្ដបន្ទាប់តាំងពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និង បានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និង តាមឋានានុក្រម។
បើតាមរបាយការណ៍ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ តុលា កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
បច្ចុប្បន្នមន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និង ការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។ហើយការងារនេះ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕