Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមឯកភាពពន្លឿនការភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ព្រះសីហនុ៖ ភាគីវៀតណាមបានឯកភាពពង្រឹងការសម្រមសម្រួលពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ។ ការឯកភាពនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិកា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ដូ ហ៊ុងវៀត អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៦តុលា ឆ្នាំ២០២៣ នៅទីក្រុងព្រះសីហនុ។

នាឱកាសនេះ សហប្រធានទាំងពីរបានឯកភាពថា កម្ពុជានិងវៀតណាម គួរកំណត់គោលដៅពាណិជ្ជកម្មថ្មីរហូតដល់ឆ្នាំ២០៣០ ក្នុងនោះវៀតណាមឯកភាពពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ និងការងារពាក់ព័ន្ធនានាដើម្បីជាប្រយោជន៍រួម ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃកម្ពុជា រួមជាមួយ ឯកឧត្តម Le Anh Tuan អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ទីតាំងតភ្ជាប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីសំណាក់ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ របស់ភាគីទាំងសងខាង ព្រមទាំងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះភាគីទាំងពីរបានឯកភាព ពន្លឿនការអនុវត្តគម្រោង និងការងារពាក់ព័ន្ធដើម្បីជាប្រយោជន៍រួម ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ នេះជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំកម្រិតបច្ចេកទេសលើកទី១ នៅខេត្តតៃនីញ៕

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង