
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ហើយចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមរបាយការណ៍ មួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុន/ម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។
ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន ក្នុងនោះ នៅឆ្នាំ២០២២ (ថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២) កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ២ ៩៤២,៥១តោន ខណៈនៅឆ្នាំ២០២៣ (ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣) កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួន ១១ ៤០៣,២៣តោន។
ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក៕