Cctime 6monthsfree desktop
Cc times  web banner kh (2)

ជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើការផ្ដល់ជំនួយ៩,៧លានដុល្លារមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ៖ ជប៉ុន បានចុះហត្ថលេខាជាមួយកម្ពុជា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន(ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស ក្នុងគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដី។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត UENO Atsushi លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន(ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។

គម្រោងនេះមានគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនៅទូទាំងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ជំនួយជប៉ុនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីន ជាដើម។ នេះជាការឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង