![](https://cdn.cc-times.com/kh.cc-times.com/media/39441/large/395617538_721295196694972_8725361752171429341_n.jpg?1698381390)
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញនិងលើកទឹកចិត្តដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំ "វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា" ឡើង ដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសំបុកត្រចៀកកាំនេះឡើងមួយកំរិតទៀត។ ប្រសាសន៍នេះត្រូវបានថ្លែងក្នុងពិធីបិទ "វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា - Cambodia Bird's Nest Business Forum" និងបើក "កម្មវិធីរាត្រីសមោសរត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣" នាថ្ងៃទី២៥ ឆ្នាំ២០២៣ នៅអគារ ស៊ីធីហល មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
គួរបញ្ជាក់ថា វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ៕
![](https://cdn.cc-times.com/kh.cc-times.com/media/39442/large/395568600_721295176694974_7626269385141812566_n.jpg?1698381401)
![](https://cdn.cc-times.com/kh.cc-times.com/media/39443/large/395534720_721295236694968_7354282101690714821_n.jpg?1698381407)