
អ៊ឺរ៉ុប៖សហភាពអឺរ៉ុបនៅថ្ងៃទី ១២ សីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសជាផ្លូវការស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុបចំពោះកម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ១២ សីហានេះ ផលិតផលនាំចេញធម្មតារបស់កម្ពុជាមួយចំនួនដូចជា សម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ នឹងត្រូវយកពន្ធឡើងវិញនៅពេលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។
យោងតាមសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុបពន្យល់ថា ការអនុគ្រោះដែលទទួលបានដោយប្រទេសកម្ពុជាក្រោម «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ Everything But Arms (EBA) រៀបចំឡើងដោយពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុបសម្រាប់បណ្តាប្រទេសអភិវឌ្ឍន៍តិចបំផុតឥឡូវនេះត្រូវបានដកចេញជាបណ្តោះអាសន្នពីកម្ពុជាដោយសារតែការព្រួយបារម្ភទាក់ទងទៅនឹងសិទ្ធិមនុស្ស។
ការដកសិទ្ធិអនុគ្រោះចូលទីផ្សារអឺរ៉ុបទាក់ទងនឹងការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបប្រមាណ ២០ ភាគរយ។តែប្រទេសកម្ពុជានៅតែអាចនាំចេញផលិតផលទាំងនោះទៅកាន់សហភាពអឺរ៉ុប ប៉ុន្តែកម្ពុជានឹងត្រូវបង់ពន្ធទូទៅដែលអនុវត្តចំពោះសមាជិកផ្សេងទៀតនៃអង្គការពាណិជ្ជកម្មពិភពលោក។ ៨០% ទៀតនៃការនាំចេញរបស់កម្ពុជានៅតែបន្តទទួលបានការអនុគ្រោះ (ដោយមិនគិតពន្ធកូតា) ចូលទីផ្សារអឺរ៉ុប។
ប្រធានគណៈកម្មការពាណិជ្ជកម្មអឺរ៉ុប លោក Phil Hogan បាននិយាយថា អឺរ៉ុបបានផ្តល់ឱ្យកម្ពុជានូវឱកាសពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យប្រទេសនេះនាំចេញនិងផ្តល់ការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ហើយពេលនេះអឺរ៉ុបឈរក្បែរពួកគេក្នុងស្ថានភាពលំបាកដែលបណ្តាលមកពីជំងឺកូវីដ១៩ ។ លោកថា អឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីបន្តការចូលរួម ដើម្បីស្តារការចូលទៅកាន់ទីផ្សារសហគមន៍អ៊ឺរ៉ុបដោយសេរីសម្រាប់ផលិតផលពីប្រទេសកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបថា ជារឿងនយោបាយមិនមែនជារឿងហេតុផលសេដ្ឋកិច្ចនោះទេ។តែយ៉ាងណាលោកអះអាងថា រស់មកដល់ពេលបច្ចុប្បន្នគឺបានមកពីសុខសន្តិភាព ហើយសន្តិភាពនេះបានរុញឱ្យកម្ពុជាមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនៅលើពិភពលោក។
គួរបញ្ជាក់ថា ការដក២០ភារយនៃប្រព័ន្ធអនុគ្រោះពន្ធEBA របស់គណៈកម្មការអឺរ៉ុប ប៉ះពាល់ដល់ទំនិញកម្ពុជាចំនួន៤០ប្រភេទ ក្នុងនោះផលិតផលខ្លះក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ ហើយបង្ករឱ្យប៉ះពាល់ដល់កម្មករាប់ពាន់នាក់ផងដែរ។ប៉ុន្តែក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គឺជាបញ្ហាធ្ងន់ធ្ងរលើសពីវិបត្តិនៃ EBA ទៅទៀត ហើយវិធានការរបស់រាជរដ្ឋាភិបាលទាំងប្រាំជុំកន្លងមក បានឆ្លើយតបលើសពីអ្វីដែលជាការប៉ះពាល់របស់ EBA ទៀត៕