
ប៉េកាំង៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដឹកនាំដោយ លោក Davis Li ប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំ ប្រទេសចិន។ នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានអញ្ជើញលោកប្រធានក្រុមហ៊ុនចុះមកធ្វើទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលទើបសម្រេចបាន និងអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាលម្អិតអំពីសក្តានុពលវិនិយោគនៅកម្ពុជា។
នាឱកាសនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបបង្ហាញអំពីប្រវត្តិប្រតិបត្តិការរបស់ខ្លួននៅប្រទសកម្ពុជា ដែលចាប់ផ្តើមកាលពីឆ្នាំ២០១៥កន្លងទៅ នៅក្នុងវិស័យជាច្រើនរួមមាន ប្រព័ន្ធចម្រុះទឹកកខ្វក់ ប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗទៀត។
សមិទ្ធផលនានា និងវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗក្នុងប្រទេសកម្ពុជា ក៏ត្រូវបាន លោក ស៊ុន ចាន់ថុល លើកបង្ហាញផងដែរតាមរយៈអង្គជំនួបនេះ។ ក្នុងនោះ ប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាហេដ្ឋារចនាសម្ព័ន្ធមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកអនុប្រធានទី១នៃCDC ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន BUCG ក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់មួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ញើញលោកប្រធានក្រុមហ៊ុនចុះមកធ្វើទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលទើបសម្រេចបាន និងអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាលម្អិតអំពីសក្តានុពលវិនិយោគនៅកម្ពុជា៕

