បាត់ដំបង៖ អង្គការហ្វារពន្លឺសិល្បៈ-បាត់ដំបង បានរៀបចំមហោស្រពសិល្បៈ ដែលមានឈ្មោះថា«មហោស្រពបាត់ដំបងក្នុងក្តីស្រមៃ»។ មហោស្រពនេះមានគោលដៅជំរុញកិច្ចសន្ទនាជាមួយប្រជាពលរដ្ឋអំពីមាគ៌ានៃការអភិវឌ្ឍខេត្តបាត់ដំបងប្រកបដោយចីរភាពតាមរយៈសិល្បៈ។ ការតាំងពិព័រណ៍នឹងបន្តពេញមួយសប្ដាហ៍ ពីថ្ងៃទី២១ដល់ថ្ងៃទី២៨តុលា២០២៣ ដែលរួមមានការតាំងបង្ហាញស្នាដៃសិល្បៈ និងសៀក របស់និស្សិតមកពីអង្គការហ្វារពន្លឺសិល្បៈ និងសាលាជំនាញសិល្បៈទស្សនីយភាព។
ក្រុងបាត់ដំបងបានស្វាគមន៍មហោស្រពសិល្បៈកណ្តាលទីក្រុង រៀបចំឡើងដោយអង្គការហ្វារពន្លឺសិល្បៈ-បាត់ដំបង ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) តាមរយៈមូលនិធិ Métis។ ស្នាដៃ និងសកម្មភាពទាំងនេះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត ជួយឲ្យខេត្តបាត់ដំបងក្លាយជាខេត្តទាក់ទាញផ្នែកវប្បធម៌សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរឆ្លងកាត់ក្នុងខេត្ត ហើយក្នុងពេលតែមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់។
សូមជម្រាបថា មហោស្រពនេះមានអ្នកចូលរួមទស្សនាជាង១០០០នាក់។ ស្នាដៃសិល្បៈនឹងត្រូវបន្តដាក់តាំងបង្ហាញជូនសាធារណជនទស្សនារហូតដល់ថ្ងៃទី២៨តុលា នៅសួនសម្តេច ស ខេង៕