ភ្នំពេញ៖ បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យវិស័យសំខាន់ៗមួយចំនួននៅកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន សុខភាពមនុស្ស ផលិតកម្មកសិកម្ម ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ធនធានទឹក តំបន់ឆ្នេរ និងសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នាព្រឹកនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ ជាក់ស្តែងតំបន់ខ្លះមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យជន់លិចបង្កជាទឹកជំនន់ តំបន់ខ្លះទៀតមានភ្លៀងធ្លាក់តិចតួច បង្កឱ្យមានភាពរាំងស្ងួត។
បើតាមឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីវិស័យសំខាន់ៗដែលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជារួមមាន ១សុខភាពមនុស្ស៖ កំណើនភាពតានតឹង ជំងឺសរសៃឈាម បេះដូង ប្រព័ន្ធដង្ហើម ប្រតិកម្មទាស់ និងជំងឺឆ្លងតាមខ្យល់ នៅតំបន់ត្រូពិចមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ ទី២ ផលិតកម្មកសិកម្ម៖ សីតុណ្ហភាពកើនឡើងខ្ពស់ និងការប្រែប្រួលរបបទឹកភ្លៀងនឹងជះឥទ្ធិពលលើទិន្នផល និងផលិតផលកសិកម្ម។
ចំណែកទី៣ ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី៖ កំណើនសីតុណ្ហភាព១ oC នៃសីតុណ្ហភាពមធ្យមពិភពលោក នឹងជះឥទ្ធិពលលើដំណើរការសមាសភាពនៃព្រៃឈើ។ ប្រភេទព្រៃឈើមួយចំនួនអាចបាត់បង់ទាំងស្រុង ចំណែកឯបន្សំថ្មីនៃប្រភេទមួយចំនួនទៀតអាចកើតមានឡើង ជាហេតុនាំឱ្យមានការបង្កើតប្រព័ន្ធអេកូឡូស៊ីថ្មី។ ទី៤ធនធានទឹក៖ ការប្រែប្រួលអាកាសធាតុនឹងនាំឱ្យមានកាប្រែប្រួលវដ្តទឹក។ កំណកអាកាសនឹងកើនឡើងនៅតំបន់ខ្លះតែថយចុះនៅតំបន់ផ្សេងទៀត។ នៅក្នុងតំបន់អាកាសធាតុក្តៅល្មម បាតុភូតទឹកជំនន់ និងរាំងស្ងួតទំនងជាកើតមានជាញឹកញាប់។
ទី៥តំបន់ឆ្នេរ៖ តំបន់ឆ្នេរកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ទី៦សេដ្ឋកិច្ច៖ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ថវិកាជាតិរាប់សិបលានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានោះ ឯកឧត្តម នេត្រ ភក្ត្រា បានពន្យល់អំពីមូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុ គឺមកពីកត្តាធម្មជាតិ និងកត្តាមនុស្ស។ ឯកឧត្តមបញ្ជាក់ទៀតថាតាមរយៈការវាយតម្លៃជារួម កត្តាមនុស្សជាកត្តាមួយដែលនាំឲ្យមានការប្រែប្រួលអាកាសខ្លាំងជាងគេ។ ការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗដោយសារសកម្មភាពមនុស្សដែលទាមទារឱ្យពិភពលោកចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហាសកលនេះ៕