ភ្នំពេញ៖ កម្ពុជា អាចនឹងទទួលរងឥទ្ធិពលជាវិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ ២០២១។ ចំណែកតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់រាយប៉ាយ បង្កជាជំនន់ទឹកភ្លៀង និងខ្យល់កន្រ្តាក់។
យោងតាមកក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង តាមការព្យាករ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ សម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅ ជាវិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០ ២១ ។ បាតុភូតខាងលើនេះ នឹងថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេល ដើរចូលមកដល់លើភាគខាងត្បូងប្រទេសកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនបង្គួរ នឹងអាចបង្កជា ជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។
ចំណែកតំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
ដោយឡែកតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ ។