ភ្នំពេញ៖“មន្ទីរពេទ្យជាតិ តេជោសន្តិភាព”ដែលជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៤ តុលានេះ ត្រូវបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាសមិទ្ធផលមានគុណតម្លៃដ៏ធំធេងក្នុងវិស័យសុខាភិបាលដែលចារជាប្រវត្តិសាស្ត្រ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជាតិទាំងមូល។
ថ្លែងក្នុងវេទិកាសម្តេច ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ ហើយ ការដាក់ឲ្យប្រើប្រាស់នូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពុនដល់មន្ទីរពេទ្យផ្សេងៗផងដែរ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ការសម្ពោធនូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺមិនមែនសម្រាប់តែបម្រើដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» មានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និង គ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕