
ចិន៖ ក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ជាសមាជិករបស់ក្រុមហ៊ុនធំបំផុត ៥០០ នៅលើពិភពលោក (Fortune 500) និង មានក្រុមហ៊ុន Wanli Tires ផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ បានសម្រេចនឹងសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជា។ ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun នាយករង និង ជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) នៅទីក្រុង Guangzhou សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលកម្ពុជា បាននិងកំពុងអភិវឌ្ឍ និង ចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិន។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជា លោកក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។
ក្រោយពីស្តាប់បទបង្ហាញ ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាដែលនេះជាដំណឹងថ្មីមួយទៀតសម្រាប់កម្ពុជា សម្រាប់កិច្ចវិនិយោគ។
ក្នុងនាមតំណាងកម្ពុជា លោក ស៊ុន ចាន់ថុល បានសន្យាព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និង ផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕


