ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី ១៩ តុលានេះ បានឯកភាពតាមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចយកឆ្នាំ២០២៤ ជាឆ្នាំជំរុញដល់វិស័យមួយចំនួនមាន វិស័យទេសចរណ៍ វិនិយោគ និង ពាណិជ្ជកម្ម។ការឯកភាពគ្នានេះ ធ្វើឡើងក្នុងពេលថ្នាក់ដឹកនាំកំពូលទាំងពីរជួបពិភាក្សាការងារជាមួយគ្នា ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
ក្នុងជំនួបនោះសម្តេច ហ៊ុន ម៉ាណែត ទទួលការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតិចិន ហើយសម្តេច បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ ព្រមជាមួយនឹងការអរគុណចំពោះការយកចិត្តទុកដាក់ទទួលស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou ។
ក្នុងជំនួបផ្លូវការបានបិទបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត “ច្រករបៀងមច្ឆា និងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ។
យោងតាមព័ត៌មានពីព័ត៌មានសម្តេច ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំកម្ពុជា និងចិន បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយ ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក ៕