
រដ្ឋធានីប៉េកាំង៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៨ តុលា បានថ្លែងចាត់ទុកគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" គឺជាគំនិតផ្តួចផ្តើមសកលដ៏អស្ចារ្យ ដែលផ្តល់លក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍន៍ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងនៅក្នុងវេទិកាកម្រិតខ្ពស់ស្តីពីសេដ្ឋកិច្ចឌីជីថលនៃវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់ និង ផ្លូវ។
ទីភ្នាក់ងារព័ត៌មាន Xinhua News បានស្រង់ប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែតថា ចាប់តាំងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ត្រូវបានលើកឡើងកាលពីដប់ឆ្នាំមុន វាមានគោលបំណងតភ្ជាប់ពិភពលោកដោយការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងគោលដៅនៃវិបុលភាពរួម។
បើតាមសម្តេច ហ៊ុន ម៉ាណែត គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" បានផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងកម្ពុជាផងដែរ ជាមួយនឹងលក្ខខណ្ឌអំណោយផលជាច្រើន រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងពិភពលោក និងកំណើនទេសចរ។សម្តេចបានសម្តែងការកោតសរសើរដោយស្មោះ ចំពោះតួនាទីឈានមុខរបស់ប្រទេសចិននៅក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និង ផ្លូវ ។
ទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេសទាំងអស់បង្កើនការវិនិយោគ ដើម្បីកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការកសាងរួមគ្នានៃ «ខ្សែក្រវាត់ និងផ្លូវ»។