
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ ដែលមានទុនវិនិយោគសរុបជាង៥០លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ រោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីកជាដើម ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ភ្នំពេញ និងតាកែវ ហើយអាចបង្កើតឱកាសការងារបានរាប់ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់CDC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ១-“TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។
២-“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។
៣-“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។
៤-“PET NEW MATERIALS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។
៥-“MAXWILL GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕