កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី១៧ តុលា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ កម្មករ-កម្មការនី ពីការរៀបចំពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅសួនច្បារជំទាវស្រែន មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង។
យោងតាមរដ្ឋបាលស្រុកកំពង់លែង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ កម្មករ-កម្មការនី អំពីការរៀបចំពិធីបុណ្យអុំទូក និងការប្រគុំតន្ត្រីស្រុកស្រែកម្សាន្ត នៅពេលយប់ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុក ចូលរួមក្នុងការប្រកួតប្រណាំងទូក (ទូកចែវ ទូកស្មាច់ ទូកខ្ទះ) ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ២៣ -២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧ៈ៣០នាទីព្រឹក នៅមាត់ទន្លេមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង។
ដើម្បីឱ្យពិធីប្រណាំងទូក និងការប្រគុំតន្ត្រីស្រុកស្រែ នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ រដ្ឋបាលស្រុក អញ្ជើញដល់ប្រជាពលរដ្ឋចូលរួមកម្សាន្ត និងអនុញ្ញាតឱ្យសាធារណជន ដែលចង់ចូលរួមប្រណាំង សូមចុះឈ្មោះចូលរួមប្រណាំងនៅរដ្ឋបាលស្រុកកំពង់លែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គួរបញ្ជាក់ថា រដ្ឋបាលស្រុកកំពង់លែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕