Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនចិនCRCC គ្រោងវិនិយោគលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនចិន China Railway Construction Corporation (CRCC) បានប្រកាសវិនិយោគលើគម្រោងធំៗចំនួនបីក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ។ គម្រោងទីមួយ សាងសង់មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, ទី២ គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ។

ការប្រកាសពីគម្រោងវិនិយោគនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Wang Jianping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ក្នុងឱកាសចូលរួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧តុលានេះ។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូនសម្តេច ហ៊ុន ម៉ាណែត អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាម៉េរិក។ ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។

គួររំលឹកថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានចាប់ផ្តើមជាយូរណាស់មកហើយ ដើម្បីជំរុញផែនការសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានផ្តោតលើផែនការរថភ្លើងល្បឿនលឿនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែមករាឆ្នាំនេះ។ នៅពេលនោះ សម្តេច ហ៊ុន សែន បានស្នើឱ្យគ្រប់នាយកដ្ឋានសហការគ្នាពន្លឿនការសម្រេចឲ្យបាននូវ«ក្តីសុបិនផ្លូវដែកល្បឿនលឿន»។

បន្ថែមពីលើនេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានជួបជាមួយ លោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសចិន ដោយប្រទេសចិនបានប្រកាសគាំទ្រ ការ សាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា និងការគាំទ្រដល់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់ កម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។

ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវ "សុបិនផ្លូវដែកល្បឿនលឿន" លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយចំនួន ៣០០ លានយ័ន (ប្រហែល ៤៥ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តផែនការ ការរចនា និងស្រាវជ្រាវ និងដោះស្រាយបញ្ហាដែលរងផលប៉ះពាល់ដល់គ្រួសារដែលនៅតាមផ្លូវ។

ការវិនិយោគ និងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ត្រូវការថវិកាយ៉ាងច្រើន រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា នឹងមិនខ្ចីកម្ចីច្រើន ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿននោះទេ កម្ពុជាលើកទឹកចិត្ត ឲ្យ ក្រុមហ៊ុនបរទេសវិនិយោគសាងសង់ផ្លូវដែកល្បឿនលឿន តាមរយៈ BOT ឬវិធីសាស្រ្ត PPP ។

ផ្លូវដែកល្បឿនលឿនតភ្ជាប់ឡាវនិងចិន បានដាក់ឱ្យដំណើរការហើយថៃកំពុងរៀបចំសាងសង់ ផ្លូវដែក ល្បឿនលឿនតភ្ជាប់ទីក្រុងបាងកក និងឡាវ។ ប្រសិនបើ កម្ពុជាជោគជ័យក្នុងការសាងសង់ផ្លូវដែកល្បឿនលឿន ដោយតភ្ជាប់រាជធានី ភ្នំពេញ និងក្រុងប៉ោយប៉ែត នាពេលអនាគតខាងមុខ នឹងមានផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីចិន-ឡាវ-ថៃ និងមកដល់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង