
ភ្នំពេញ៖ ក្រុមហ៊ុន China Datang Corporation Ltd. បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លារអាម៉េរិក ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវបានលើកទឹកចិត្តឱ្យវិនិយោគលើវិស័យថាមពលនៅកម្ពុជា និងគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ ការប្តេជ្ញានេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួនពីរ គឺ (i) គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង (ii) អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ។
ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ថ្មីនេះ។
ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ ៕

