
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានលើកឡើងពីសំណើបន្ត MoU រវាងហ្វីលីពីននិងកម្ពុជា និងចេតនាបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ខណៈកម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។ សំណើនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោកជំទាវ Maria Amelita C. Aquino បានលើកឡើងពីសំណើបន្ត MoU រវាងហ្វីលីពីននិងកម្ពុជា និងចេតនាបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះសំណើបន្ត MoU ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា និង ការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ (Downstream)។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច តែមានសក្តានុពល និងឱកាសទីផ្សារធំទូលាយ ជាពិសេសទីផ្សារប្រទេសអាស៊ាន និងប្រទេសចិនផងដែរ។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។
ជាចុងក្រោយ ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាព ក្នុងរៀបចំឱ្យមានទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ៕


