ភ្នំពេញ៖ ស្ថានទូតបារាំងនៅកម្ពុជា នឹងបើកជូនសាធារណជនចូលទស្សនាពិព័រណ៍«ផ្សារបារាំង» ដោយសេរី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពិសេសសម្រាប់ឱកាសនោះ អ្នកចូលរួមនឹងបានឈ្វេងយល់អំពីជីវចម្រុះនៃសួនច្បារមួយដ៏ធំជាងគេនៅក្នុងទីក្រុង។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំងនៅកម្ពុជា បានឲ្យដឹងថា ផ្សារបារាំងនឹងត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ការអនុញ្ញាតឱ្យចូលចុងក្រោយ គឺនៅម៉ោង ៥:៣០ នាទីល្ងាច) នៅស្ថានទូតបារាំងប្រចាំកម្ពុជា។
ពិព័រណ៍«ផ្សារបារាំង» នឹងដាក់បង្ហាញនូវ វប្បធម៌ ហត្ថកម្ម អាហារបែបសិល្បៈ សុខុមាលភាព...។ មកម្នាក់ឯង មកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ដើម្បីឈ្វេងយល់អំពីគំនិតផ្តួចផ្តើមបារាំងនៅកម្ពុជា តាមរយៈអ្នកតាំងពិព័រណ៍ចំនួន ៦០។ សកម្មភាពជាច្រើននឹងកើតមានឡើងនៅថ្ងៃតាំងពិព័រណ៍នោះ៖ ការភ្លក់អាហារ សកម្មភាពកីឡារបស់ Decathlon Cambodia សកម្មភាពវប្បធម៌សម្រាប់មនុស្សគ្រប់វ័យ នៅកន្លែងបរិយាកាសបើកចំហរ។
សូមបញ្ជាក់ថា ស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សាធារណជនក្នុងឱកាសផ្សារបារាំង រៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា។ ស្តង់ចំនួនជាង៧០ ផលិតផល និងម្ហូបអាហារបារាំង ឧទ្យានស្ថានទូតបារាំង រង់ចំាស្វាគមន៍លោកអ្នកចូលទស្សនាដោយសេរី៕