ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យឡាយព្រះហស្តលេខាប្រកាសឱ្យប្រើព្រះរាជក្រឹត្យ ស្តីពី គោមងារឧកញ៉ា។
ព្រះរាជក្រឹត្យនេះមាន១១ជំពូក និង២៦មាត្រា និងត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជក្រឹត្យនេះបានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។
ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីគោលការណ៍ នៃការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គោងាឧកញ៉ា សំដៅដល់ងារកិត្តិយសដែល ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមជំរំជាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួម អភិវឌ្ឍនិងកសាងជាតិ។
ជាការកត់សម្គាល់ មាត្រា៧ នៃជំពូកទី៣ ស្ដីពី លំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមានលំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថា្នក់ទី៣ ឧកញ៉ា។
ព្រះរាជក្រឹត្យ ក៏បានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់ ដើម្បីពិនិត្យវាយតម្លៃ និងលើកយោបល់ ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្ដល់និងបញ្ចប់គោរមងារឧកញ៉ា៕