ស្ទឹងត្រែង៖ កន្ធាយក្បាលកង្កែប១ក្បាល កាលពីថ្ងៃទី២ តុលា ត្រូវបានអ្នកនេសាទ ប្រទះឃើញជាប់សន្ទូចរនងបិតនុយជន្លេន ខណៈពេលដែលកំពុងធ្វើការនេសាទតាមដងទន្លេមេគង្គ។ សត្វកន្ធាយក្បាលកង្កែបនេះ ត្រូវបានខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង យកទៅថែរក្សា តាមដាន និងព្យាបាលរបួស មុនលែងចូលទីជម្រកធម្មជាតិតាមដងទន្លេមេគង្គវិញ។ សត្វកន្ធាយក្បាលកង្កែបនេះ ជាមេពូជមានទម្ងន់រហូតដល់ ៣៤គីឡូក្រាម មានបណ្ដោយ ៧០សង់ទីម៉ែត្រ និងទទឹង ៦០សង់ទីម៉ែត្រ។
កន្ធាយក្បាលកង្កែប១ក្បាល ត្រូវបានអ្នកនេសាទឈ្មោះ សូត្រ ថូរីន អាយុ៣១ ប្រទះឃើញជាប់សន្ទូចរនងបិតនុយជន្លេន ខណៈពេលដែលលោកធ្វើការនេសាទតាមដងទន្លេមេគង្គ។ លោក សូត្រ ថូរីនបានយល់ដឹងច្បាស់ថាប្រភេទនេះកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានការពារ និងអភិរក្ស លោកបានរាយការណ៍ជូនក្រុមការងារសហគមន៍នេសាទអូរច្រឡង់។ ក្រោយទទួលដំណឹងពីសហគមន៍នេសាទ សមាគមអភិរក្សសត្វព្រៃបានទំនាក់ទំនងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងរដ្ឋបាលជលផល បានទទួលកន្ធាយក្បាលកង្កែប យកទៅថែរក្សា តាមដាន និងព្យាបាលរបួស មុនលែងចូលទីជម្រកធម្មជាតិតាមដងទន្លេមេគង្គវិញ។
លោក សូត្រ ថូរីន បានលើកឡើងថា លោកប្រកបរបរនេសាទនេះ តាំងពីក្មេង ហើយបានកត់សម្គាល់ឃើញថា សត្វកន្ធាយក្បាលកង្កែប ឬល្មេចមានការថយចុះ ដោយពុំសូវឃើញវត្តមានប្រភេទនេះ ក្នុងតំបន់របស់គាត់ទេបើប្រៀបធៀបទៅពី១០ឆ្នាំមុន។ លោកបានបន្តទៀតថាគ្រួសាររបស់លោក និងអ្នកភូមិផ្សេងទៀតពុំដែលឃើញ ឬជួបមេពូជដែលមានទំហំធំបែបនេះ ពីមុនមកទេ បើទោះបីគាត់ធ្លាប់ឃើញគេនេសាទបានពីមុនមកក៏ដោយ។
លោក ឃិន ម៉ានី ប្រធានសហគមន៍នេសាទអូរច្រឡង់ បានឱ្យដឹងថា ប្រភេទកន្ធាយក្បាលកង្កែប ឬល្មេចបានរស់នៅក្នុងតំបន់នេះ រាប់រយឆ្នាំមកហើយ។ លោកក៏បាននឹងកំពុងស្វែងរកវត្តមានប្រភេទនេះបន្ថែមទៀត និងស្វែងរកការគាំទ្រពីស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ ដើម្បីគាំទ្រការងារការពារនិងអភិរក្សប្រភេទនេះ។ លោកបានបន្តទៀតថា លោកពិតជារីករាយខ្លាំងណាស់ ដែលបានឃើញវត្តមានកន្ធាយក្បាលកង្កែប ឬល្មេចនេះ និងប្រជាជនរស់នៅក្នុងតំបន់របស់គាត់បានយល់ដឹង និងចូលរួមសហការក្នុងសកម្មភាពការងារអភិរក្សធនធានកម្រជិតផុតពូជនេះ។
លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល បានលើកឡើងថា សត្វកន្ធាយក្បាលកង្កែប ឬល្មេច នៅក្នុងធម្មជាតិក្នុងប្រទេសកម្ពុជាយើង ដែលមានទីជម្រកតាមប្រព័ន្ធដងទន្លេមេគង្គ នៃភូមិសាស្រ្តខេត្តក្រចេះ និងខេត្តស្ទឹងត្រែងបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាបរិស្ថាន។ លោកបានបន្តទៀតថា ដើម្បីការពារ និងអភិក្សប្រភេទសត្វកម្រនេះប្រកបដោយប្រសិទ្ធិភាពនិងទទួលបានជោគជ័យ ត្រូវមានការចូលរួមពីស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធនានា តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយ ដោយមានការលើកទឹកចិត្ត ការលើកកម្ពស់ជីវភាពប្រជាជន និងការគាំទ្រសកម្មភាពល្បាតតាមបណ្តាសហគមន៍តំបន់គោលដៅ៕