ខេត្តកំពត៖ ព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងសម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា លើកទី៨ លើភ្នំបូកគោ នឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ។ ទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។
ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានកម្មវិធីកម្សាន្ត នារាត្រីថ្ងៃទី២៨ ដូចជាការប្រគំតន្រ្តី ផ្ទាល់រួមនិងស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារ ក្រោមរាត្រីដ៏សែនមនោរម្យ និងសម្រាប់អ្នកចូលរួមដែលត្រៀមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣ផងដែរ។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងរួមមាន៖ចម្ងាយ 21គីឡូម៉ែត្រ 10គីឡូម៉ែត្រ 5គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត3គីឡូម៉ែត្រ ព្រមទាំង ការប្រណាំងកង់32គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែ ផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។
ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។
កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។