ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខមួយក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ Cambodia Technology Excellence Award in Digital Banking នៅក្នុងកម្មវិធី Asian Technology Excellence Award ២០២៣ ពីស្ថាប័ន Asian Business Review ដែលជាស្ថាប័នព័ត៌មានវិភាគផ្នែកហិរញ្ញវត្ថុ និងអាជីវកម្ម ដ៏មានកិត្តិនាមមួយក្នុងទ្វីបអាស៊ី។ ពានរង្វាន់នេះបញ្ជាក់យ៉ាងច្បាស់អំពីឧត្តមភាពរបស់គម្រោងបរិវត្តកម្មឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តដើម្បីនាំយកមកនូវផលិតផល និងសេវាកម្មធនាគារដ៏ល្អទៅកាន់អតិថិជនរបស់ខ្លួន។
ជាមួយនឹងវត្តមានក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាជាង៣២ឆ្នាំ ធនាគារ កាណាឌីយ៉ា តែងជាស្ថាប័នហិរញ្ញវត្ថុមួយដែលពោរពេញដោយស្ថេរភាព ភាពទំនួលទុកចិត្ត និងឧត្តមភាពធនាគារ។ ដើម្បីសម្របទៅតាមការវិវឌ្ឍរបស់ទិដ្ឋភាពហិរញ្ញវត្ថុក្នុងស្រុក និងពិភពលោក ក៏ដូចជាតម្រូវការរបស់អតិថិជន គម្រោងបរិវត្តកម្មឌីជីថលរបស់ធនាគារ បានបានបង្កើនល្បឿនរបស់ខ្លួននៅឆ្នាំ២០២០ ហើយបានដំណើរការពេញសមត្ថភាពចាប់តាំងពីឆ្នាំ២០២២។ ស្នូលនៃគម្រោងបរិវត្តកម្មឌីជីថលរបស់ ធនាគារ កាណាឌីយ៉ា គឺមានដូចជាការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Canadia Bank App ការពង្រីកនូវសាខា Smart Bank និងប្រព័ន្ធអេកូឌីជីថលពេញលេញសម្រាប់អាជីវកម្ម។
ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល កម្មវិធី Canadia Bank App បានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្តល់បទពិសោធន៍សេវាកម្មធនាគារតាមទូរស័ព្ទកាន់តែលឿន ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់។ បន្ថែមទៀតផងដែរ ធនាគារ កាណាឌីយ៉ា បានពង្រឹងបទពិសោធន៍ធនាគារសម្រាប់អតិថិជន និងពង្រីកបណ្តាញសាខារបស់ Smart Banking Centers ដែលមានបំពាក់នូវគ្រឿងបរិក្ខារស្វ័យសេវាធនាគារប្រកបដោយបច្ចេកវិទ្យាឈានមុខ។ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ សាខាធនាគារ កាណាឌីយ៉ា ចំនួន៧ទីតាំងត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន សាខាសែនសុខ សាខាអ៊ីអន មានជ័យ សាខាអាយ អេហ្វ អិល សាខាស្ទឹងមានជ័យ សាខាទីស្នាក់ការកណ្តាល សាខាពោធិ៍សែនជ័យ និងសាខាមួយចំនួនទៀតដែលត្រៀមនឹងដាក់ដំណើរការឆាប់ៗ។
សម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជនសាជីវកម្ម ធនាគារ កាណាឌីយ៉ា បានពង្រឹងនូវប្រព័ន្ធ សេវាកម្មធនាគារអ៊ីនធឺណេតសម្រាប់សាជីវកម្ម ត្រៀមដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Merchant App និងផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ ដែលធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម ពាណិជ្ជករ និងសាជីវកម្ម ដើម្បីបង្កើនភាពងាយស្រួលនៃប្រតិបត្តិការផ្ទៃក្នុង និងដំណើរការអាជីវកម្មរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាព។
លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមន្សរីករាយណាស់ដែលត្រូវបានពានរង្វាន់ទទួលស្គាល់ពីគម្រោងបរិវត្តកម្មឌីជីថល និងការខិតខំប្រឹងប្រែងរបស់យើងទៅលើនវានុវត្តន៍ និងនាំយកនូវសេវាកម្មធនាគារដែលមានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងខ្ញុំ។ ក្រៅពីស្ថាប័ន Asian Business Review យើងខ្ញុំក៏រីករាយជាខ្លាំងដែរ ដែលផ្នែកចំនួនបី រួមមាន ផ្នែកសេវាកម្មធនាគាររូបវន្តបុគ្គល ផ្នែកសេវាកម្មធនាគារសហគ្រាសធុនតូច និងមធ្យម និងផ្នែកសេវាកម្មធនាគារសាជីវកម្ម ក៏ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់ពីសំណាក់ស្ថាប័នអន្តរជាតិជាច្រើនផងដែរ។ យើងខ្ញុំនឹងបន្តវិនិយោគទៅលើធនធានមនុស្ស និងបច្ចេកវិទ្យា ដើម្បីនាំយកមកនូវផលិតផល ដំណោះស្រាយ និងសេវាកម្មធនាគារ ប្រកបដោយគំនិតច្នៃប្រឌិត ដើម្បីបន្តជា “ដៃគូហិរញ្ញវត្ថុដ៏ល្អ” សម្រាប់អតិថិជន។
លោក Howard Lau, Chief Information Officer នៃធនាគារ កាណាឌីយ៉ា បានបង្ហាញសុទិដ្ឋិនិយមដូចគ្នាអំពីសមិទ្ធិផលដ៏ថ្មីនេះ។ លោកមានប្រសាសន៍ថា “គម្រោងបរិវត្តកម្មឌីជីថលរបស់យើង គឺជាការខិតខំបន្ត សម្របខ្លួន និងដំណើរទៅមុខដែលផ្តោតសំខាន់ទៅលើប្រយោជន៍របស់អតិថិជន។ គោលបំណងចម្បងរបស់យើងគឺ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើងខ្ញុំ តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មទំនើបៗ ដែលបន្តវិវត្តទៅឱ្យកាន់តែប្រសើរនៅក្នុងវិស័យធនាគារ៕”
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពានរង្វាន់ “Best SME Bank” ពីស្ថាប័ន Digital Banker ពានរង្វាន់ “Best Retail Bank” ពីស្ថាប័ន The Asian Banker និងពានរង្វាន់ “Best Corporate Bank” នៃប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣។
គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM, SEM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh