
ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានលើកឡើងថា សង្គ្រាមនៅអ៊ីស្រាអែល ជាបញ្ហាថ្មីមួយដែលអាចជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះតម្លៃប្រេងអាចបន្តឡើងថ្លៃ អត្រាការប្រាក់ខ្ពស់រយៈពេលវែង និងបង្កឱ្យមានការឡើងថ្លៃទំនិញផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានបញ្ចេញមតិនៅតាមបណ្តាញសង្គម។
លោក ង៉ែត ជូ បានលើកឡើងថា បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាម៉េរិក ការឡើងកម្តៅចិន-តៃវ៉ាន់ សង្គ្រាមរុស្សី-អ៊ុយក្រែន ឥឡូវដល់បញ្ហាថ្មីមួយទៀតគឺសង្រ្គាមនៅអ៊ីស្រាអែល។ បញ្ហាថ្មីនេះអាចបង្កើតនូវប្លុក ឬសម្ព័ន្ធភាពដ៏គ្រោះថ្នាក់ថ្មីមួយគឺ រុស្សី-ចិន-អ៊ីរ៉ង់។ ប្រសិនបើប្លុកថ្មីនេះកើតឡើង រុស្សីបើកយុទ្ធនាការវាយលុកនៅអ៊ុយក្រែន អ៊ីរ៉ង់បើកយុទ្ធនាការវាយលុកនៅអ៊ីស្រាអែល ចិនរៀបយុទ្ធនាការវាយលុកនៅតៃវ៉ាន់។ នោះហានិភ័យធំៗរបស់សេដ្ឋកិច្ចពិភពលោកនឹងបន្តអូសបន្លាយ រួមមាន៖១) តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃដោយការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ។ ២) អត្រាការប្រាក់បន្តមានអត្រាខ្ពស់ក្នុងរយៈពេលវែង និង ៣) កត្តាទាំង២ខាងលើនឹងបង្កើននូវអតិផរណា (ការឡើងថ្លៃ) នៃទំនិញ និងសេវាកម្ម។
លោកបញ្ជាក់ថា សហរដ្ឋអាម៉េរិកដែលជាបងធំពិភពលោកនឹងប្រឈមនូវបញ្ហានានាដែលបង្ករឡើងដោយប្លុកថ្មីដ៏គ្រោះថ្នាក់នេះ និងវិបត្តិបំណុលជាតិដែលមានកំរិតបំណុលខ្ពស់កប់ពិដាន។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន មានរយៈពេល៣ថ្ងៃ ហើយមានមនុស្សជាង ២០០០ នាក់ត្រូវបានស្លាប់នៅក្នុងជម្លោះចុងក្រោយបង្អស់រវាងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចុងក្រោយដែលបានចេញផ្សាយនៅថ្ងៃអង្គារទី ១០ តុលានេះ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថាមនុស្ស ៦៨៧ នាក់បានស្លាប់នៅក្នុងជម្លោះ ហើយមនុស្សជាង ៣,៧២៦ នាក់បានរងរបួស។ លើសពីនេះ ជនជាតិប៉ាឡេស្ទីន ១៧នាក់បានស្លាប់ និង ៩០នាក់ផ្សេងទៀតរងរបួស នៅក្នុងតុះតំបន់ West Bank។ ក្នុងនោះក៏ជនជាតិអ៊ីស្រាអែលចំនួន ៩០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ ហើយអាជ្ញាធរសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែលចំនួន ២.៦១៦ នាក់បានរងរបួស៕