Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកវិភាគ៖ដើម្បីស្តាវិស័យទេសចរណ៍គឺចាំបាច់ត្រូវកសាងម៉ាកយីហោឬកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានលើកឡើងថា ដើម្បីស្តាវិស័យទេសចរណ៍គឺចាំបាច់ត្រូវកសាងម៉ាកយីហោឬកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ (To rebuild tourism industry, it is a must to rebrand Cambodia) ខណៈកម្ពុជាជាប្រទេសមួយមានទាំងសម្បត្តិវប្បធម៌ និងធម្មជាតិដ៏វិចិត្រ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា។

បើតាមខ្លឹមសារដែលអ្នកវិភាគរូបនេះបានលើកឡើងក្នុងបណ្ដាញសង្គមបានឱ្យដឹងថា ខ្មែរប្រែថាដែនដីសុវណ្ណភូមិ ឬក្នុងទម្រង់នៃពាក្យថ្មីដែលនិយមឮ គេហៅថា មានមាសខ្វះក្រដាសខ្ចប់។ លោកថា ស្តាប់ទៅហាក់ដូចជាអវិជ្ជមាន តែបើសម្រាប់លោក លោកមានគំនិតសុទិដ្ឋិនិយមហើយគិតថាវាជាឱកាសសំរាប់កម្ពុជាប្រសិនបើយើងចេះខ្ចប់មាសដ៏ល្អឯកនេះអោយបានត្រឹមត្រូវ។

អ្នកវិភាគរូបនេះបញ្ជាក់ថា កម្ពុជាមានទាំងសម្បត្តិវប្បធម៌ និងធម្មជាតិដ៏វិចិត្រ អ្វីដែលត្រូវធ្វើជាអាទិភាពមានដូចជា៖ ការកសាងម៉ាកយីហោរបស់កម្ពុជាក្នុងឆាកអន្តរជាតិឡើងវិញ (rebranding Cambodia)។ ក្នុងន័យនេះ រដ្ឋាភិបាលគួរជួលក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងជំនាញផ្នែកកសាងម៉ាកយីហោរបស់ប្រទេសអោយសិក្សា និងលើកជាយុទ្ធសាស្ត្រថ្នាក់ជាតិដើម្បីកសាងម៉ាកយីហោប្រទេស (National Branding Strategy) និងផ្សព្វផ្សាយអោយបានទូលំទូលាយក្រោមពាក្យស្លោកខ្លីដែលមានន័យវិជ្ជមានដូចជា៖ ដែនដីនៃស្នាមញញឹម ដែនដីនៃក្តីសង្ឃឹម ដែនដីនៃភាពរីករាយ។ល។ ការកសាងម៉ាកយីហោកម្ពុជាឡើងវិញគឺដើម្បីបន្សាបនូវព័ត៌មានអវិជ្ជមានទាំងឡាយដែលមានកន្លងមកដូចជា៖ តំបន់វាលពិឃាត (killing field) ដែនដីនៃគ្រាប់មីន (land mine) ប្រទេសដែលមានឧក្រិដ្ឋកម្មផ្នែកបច្ចេកវិទ្យា។ល។

ចំណុចមួយទៀតគឺការសិក្សាវាយតម្លៃ ទទួលស្គាល់ និងដោះស្រាយនូវបញ្ហាអសកម្ម ឬព័ត៌មានអវិជ្ជមាននានា, កសាងកញ្ចប់សេវាកម្ម និងផលិតផលសំបូរបែប, ផ្តល់នូវសេវាបដិសណ្ឋារកិច្ចដោយក្តីញញឹម ងាយស្រួល រហ័ស និងប្រកបដោយភាពកក់ក្តៅ, ផ្តល់នូវការទាក់ទាញដទៃទៀតដើម្បីមានភាពប្រកួតប្រជែងនឹងប្រទេសជិតខាង។ ឧទាហរណ៍ លើកលែងតម្លៃទិដ្ឋការសំរាប់ភ្ញៀវដែលស្នាក់នៅលើសពី១សប្តាហ៍។ល។ មួយវិញទៀត គឺបង្វែរការផ្សព្វផ្សាយរបស់បណ្តាញផ្សព្វផ្សាយរដ្ឋ ឯកជន និងបណ្តាញសង្គមមកជាការលើកកម្ពស់វប្បធម៌ ធម្មជាតិ បរិស្ថាន និងអនាម័យ តម្លៃនៃការរស់នៅបែបសង្គមដែលមានអារ្យធម៌ ការគោរពច្បាប់ សុជីវធម៌ ការបដិសណ្ឋារកិច្ច។ល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង