ស៊ីស្រាអែល៖ និស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដំណឹងនេះសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែរ និង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។
គួរបញ្ជាក់ថា ករណីការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។ បច្ចុប្បន្នមាននិស្សិតកម្ពុជា កំពុងស្នាក់នៅ និង សិក្សាចំនួនប្រមាណ៤៥០នាក់ នៅអ៉ីស្រាអែល។
ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និង អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ បច្ចុប្បន្នទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយ ដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាពរបស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។