
ភ្នំពេញ៖ កម្ពុជានាំយកអង្ករគុណភាពល្អបំផុត និងធ្លាប់ឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាបានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៨ ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករកម្ពុជានៅក្នុងពិព័រណ៍នេះ។ នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់ខៃ លោកជំទាវរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដែលជាថ្នាក់ដឹកនាំលើផ្នែកអភិបាលកិច្ចបច្ចេកទេសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រោមកិច្ចជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៨ ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ការចូលរួមព្រឹត្តិការណ៍ Anuga Food Trade Fair 2023 នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា និងមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា ដែលព្រឹត្តិការណ៍ Anuga Food Trade Fair មានប្រវត្តិនៃការរៀបចំព្រឹត្តិការណ៍នេះចំនួន ១១៣ឆ្នាំ ដែលបានចាប់បង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់សម្រាប់ពិភពលោករបស់អ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តលើការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។
ក្រុមហ៊ុនដែលចូលរួមតាំងបង្ហាញផលិតផល នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារពិភពលោក (Anuga Food Trade Fair 2023) ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖ GOLDEN RICE (CAMBDODIA) CO., LTD., KAMPONG THOM RICE MILL LIMITED, SINGATURE OF ASIA CO., LTD., PRIMALIS CORPERATION, LTD., CITY RICE IMPORT EXPORT CO., LTD., AMRU RICE (CAMBODIA)CO., LTD., LOR EAK HENG SEK MEAS RICE CO., LTD., និង EANG HEANG IMPORT EXPORT CO., LTD. ។
ព្រឹត្តិការណ៍ Anuga Food Fair 2023 គឺជាព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារដ៏ធំបំផុតរបស់ពិភពលោក ដែលប្រព្រឹត្តិឡើងជារៀងរាល់ ២ឆ្នាំម្ដងលើផ្ទៃដីចំនួន ២៨៤ ០០០ ម៉ែត្រការ៉េ នៅក្នុងសហសាលចំនួន ១១ និងមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ៧ ៩០០ ក្រុមហ៊ុន មកពីជិត ២០០ ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅទីតាំងស្តង់លេខ B040G អាគារទី (HALL) 07.1 ស្ថិតនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelrmesse, Fair Grounds, Cologne ទីក្រុងកូឡូញប្រទេសអាឡឺម៉ង់៕
