Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការងារនិងសហព័ន្ធនិយោជក ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ការឯកភាពនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញវិស័យឯកជនបន្តអនុវត្តឱ្យបានពេញលេញលើកាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព និងប្រាក់សោធន ដែលជាការគិតគូរដល់កម្មករនិយោជិត។ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាដើម្បីបរិយាកាសនៃការវិនិយោគដែលអំណោយផល ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ដល់កម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង