ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៦ តុលានេះ ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ សម្រេចបានប្រមាណជិត១០០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខនេះ។បច្ចុប្បន្នក្រុមវិស្វករកំពុងតែចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពាន ហើយមិនយូរប៉ុន្មានជាង ៤០ថ្ងៃទៀតនឹងដាក់ឱ្យដំណើរការមុនបុណ្យអុំទូកឆ្នាំនេះ។
បើគ្មានអ្វីប្រែប្រួលនោះទេ នៅសល់តែ៤៥ថ្ងៃទៀតប៉ុណ្ណោះ ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ នឹងបើកដំណើរការជូនប្រជាពលរដ្ឋឆ្លងកាត ខណៈបច្ចុប្បន្ននេះក្រុមវិស្វ័ករកំពុងតែចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពាន។
ស្ពានកោះ«ពេជ្រ-កោះនរា»ជាសមិទ្ធផលថ្មី និង ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលទីក្រុងភ្នំពេញដោយមិនចាំបាច់ឆ្លងកាត់ស្ពានច្បារអំពៅ។ការដ្ឋានសាងសង់ស្ពាននេះ សម្រេចបានជិត ១០០% នៃគម្រោង។បើតាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់នៅខែ វិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ។
បើតាមមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពានកោះ«ពេជ្រ-កោះនរា»នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និង កាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្ស ឬស្ពានច្បារអំពៅដែលបច្ចុប្បន្នកំពុងមានការកកស្ទះខ្លាំង។
គួរបញ្ជាក់ថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំណាយពេល៣៥ខែ។ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕